(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកវេទិការពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលសន្និសីទសាលាខេត្ត ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាន។
អញ្ជើញថ្លែងសំណេះសំណាល នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ប្រចាំខេត្តកំពង់ចាមទាំងអស់ សូមបន្តអនុវត្តកិច្ចការចាំបាច់មួយចំនួនដូចខាងក្រោម៖
ទី១ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលបានចុះបញ្ជី និងចុះអនុស្សរណៈត្រឹមត្រូវស្របតាមច្បាប់កំណត់ ត្រូវអនុវត្តសកម្មភាពរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ព្រមទាំងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។
ទី២ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។
ទី៣ -ស្នើរសមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះត្រង់ក្នុងភាពជាដៃគូជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។
៤ -ស្នើរសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម បន្តចូលរួមឱ្យកាន់តែសកម្ម ក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងការចូលរួមគាំទ្រការកសាងសមត្ថភាពដល់មន្ត្រីនៅរដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ ការបន្តចូលរួម ពង្រឹងគណនេយ្យភាព និងភាពជាម្ចាស់ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្តល់ សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន និងមានប្រសិទ្ធភាព។
៥ -សមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ នានាជាធរមាន ដោយត្រូវប្រកាន់ ជំហរអព្យាក្រឹត ឥតលម្អៀង ចំពោះគ្រប់គណបក្សនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ស្តីពីសមាគមនិងអង្គការ។
៦ -សមាគម និងអង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាមទាំងអស់ ត្រូវជៀសវាងដាច់ខាតនូវការចូលរួម ជាមួយក្រុមជ្រុលនិយមដែលបាននឹងកំពុងបន្តរៀបចំគម្រោង ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពក្រុមជ្រុលនិយមនេះ គឺជាអំពើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ទៅលើរបបប្រជាធិបតេយ្យសេរីពហុបក្សដែលបានចែងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយជាអំពើដែលធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិដែល ព្រះរាជាណាចក្រកម្ពុជា សម្រេចបានមកទល់ពេលនេះ ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង។
ទី៧ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬ យកកម្រៃមកចែកគ្នា ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
ទី៨ -សមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាម ត្រូវផ្តល់របាយការណ៍សកម្មភាព ប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំមករដ្ឋបាលខេត្តកំពង់ចាមឱ្យបានទៀងទាត់។
ទី៩ -សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជួយផ្សព្វផ្សាយ និងអនុវត្តន៍បទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។

