ខេត្តក្រចេះ: ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានណែនាំអាជ្ញាធរក្រុង ស្រុក ត្រូវបន្តចុះពិនិត្យរៀបចំកែសម្រួលនូវរាល់ការរំលោភយកដីចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម ដើម្បីបញ្ជៀសគ្រោះថ្នាក់ ការកកស្ទះ និងផ្តល់ភាពងាយស្រួលដល់ការជួយសង្គ្រោះនានា។
ការណែនាំរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។
នាឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងកោតសសើរវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពជុំវិញ ខេត្តក្រចេះ ពិសេសកងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ ដែលបានសហការអនុវត្តបំពេញតួនាទីភារកិច្ចការងារកន្លងមក ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ក្នុងវិស័យសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ទន្ទឹមនោះ ឯកឧត្តម វ៉ា ថន ក៏បានស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យនិងកែសម្រួលទៅលើស្លាកសញ្ញាចរាចរណ៍ដែលដាក់នៅតាមដងផ្លូវនានា និងផ្លាកសញ្ញាបង្ហាញឈ្មោះផ្លូវក្នុងក្រុងក្រចេះ និងត្រូវពិនិត្យតាមដានលើរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពិសេសរថយន្តបើកគេចស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអចល័ត ដើម្បីមានវិធានការទប់ស្កាត់បញ្ចៀសការគ្រោះថ្នាក់ និងខូចផ្លូវជាដើម, អាជ្ញាធរក្រុងស្រុក ត្រូវបន្តពង្រឹងការទទួលខុសត្រូវលើបទល្មើស ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់បន្ថែមលើការងារនីតិវិធីដោះស្រាយ ដើម្បីជាមូលដ្ឋានគ្រឹះ, ស្នើដល់មន្ទីរពាក់ព័ន្ធ បន្តសហការគ្នា ចុះត្រួតពិនិត្យតាមដានតាមបណ្តាស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីស្វែងរកស្ថានីយ៍ និងដេប៉ូដែលមិនមានអនុលោមភាពផ្នែកបរិមាណ តំលៃ និងគុណភាព, ស្នើដល់មន្ទីរសុខាភិបាល ត្រូវពង្រឹងពិនិត្យលើឯកសាររដ្ឋបាលក្នុងការពង្រឹងគុណភាពផ្តល់សេវាសាធារណៈ និងត្រូវពិនិត្យបង្ការលើជម្ងឺមិនឆ្លង នារដូវវស្សាខាងមុខនេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បន្តថា សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គ្រប់អាជ្ញាធរក្រុងស្រុក ត្រូវបន្តចុះពិនិត្យរៀបចំកែសម្រួល នូវរាល់ការរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្ម ដើម្បីបញ្ជៀសគ្រោះថ្នាក់ ការកកស្ទះ និងផ្តល់ភាពងាយស្រួលដល់ការជួយសង្គ្រោះនានា។ ហើយនៅរាល់កិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវណែនាំដល់មេឃុំចៅសង្កាត់ ត្រូវបន្តពង្រឹងការដឹកនាំរដ្ឋបាលឃុំសង្កាត់ខ្លួន លើការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕

