ខេត្តបន្ទាយមានជ័យ: កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន ២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត៕
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

