ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ជោគជ័យនៃខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងការរីកចម្រើនលើគ្រប់វិស័យ គឺកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា អាចនិយាយបានថា «ជាខេត្តឈ្នះដាច់លើការអនុវត្តគោលនយោបាយ»។
ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
គោលបំណងសំខាន់ នៃដំណើរចុះជួបសំណេះសំណាលនេះ គឺដើម្បីស្ទាបស្ទង់មតិគាំទ្រ ក្នុងការផ្លាស់ប្តូរទីតាំងគ្រឹះស្ថានសិក្សាថ្មី ដែលស្ថិតនៅក្បែរទីតាំងចាស់។ គម្រោងទីតាំងថ្មីនេះ នឹងត្រូវរៀបចំឱ្យមាន អគារសិក្សាស្តង់ដារ ទំនើប និងមានសុវត្ថិភាព។ រៀបចំបរិស្ថានបៃតង ដោយមានការដាំដើមឈើជាជួរ និងមានទីធ្លារធំទូលាយ ស្អាតល្អ។ ដោយឡែក ទីតាំងចាស់នឹងត្រូវរក្សាទុក សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងទីអារាមវត្តបាកានវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ដំណើរចុះមកនាពេលនេះ គឺធ្វើឡើងតាមសំណូមពររបស់ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន។ ព្រះអង្គមានសទ្ធាជ្រះថ្លា ដោយមានញោមរបស់ព្រះអង្គផ្ទាល់ និងសប្បុរសជនជាច្រើនទៀត មានបំណងចង់ទិញដីទីតាំងថ្មី ដែលមានទំហំរហូតដល់ទៅជាង ៥ហិកតា ដើម្បីកសាងជាគ្រឹះស្ថានសិក្សាថ្មីដ៏មានស្តង់ដារ សម្រាប់បម្រើដល់វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងជំរុញ និងលើកកម្ពស់វិស័យអប់រំ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំ ជាអាទិភាពចម្បងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ខេត្តពោធិ៍សាត់មានកិច្ចការងារជាច្រើនដែលត្រូវអភិវឌ្ឍន៍។ ជោគជ័យនៃខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងការរីកចម្រើនលើគ្រប់វិស័យ គឺកើតចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលអាចនិយាយបានថា ជាខេត្តដែលឈ្នះដាច់លើការអនុវត្តគោលនយោបាយ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ថា «ប្រសិនបើការផ្លាស់ប្តូរនេះ បម្រើជាឧត្តមប្រយោជន៍វែងឆ្ងាយ សម្រាប់ទីអារាមវត្តផង និងសម្រាប់សិស្សានុសិស្ស ដែលជាកូនចៅប្រជាពលរដ្ឋយើងផងនោះ សូមយើងទាំងអស់គ្នាត្រូវរួមគ្នាគាំទ្រ និងចូលរួមឱ្យបានសកម្ម។ ប៉ុន្តែទន្ទឹមនឹងនោះ បើពិនិត្យឃើញថាជាការជាន់ឈ្លី ឬមិនបំពេញតាមគម្រោងការណ៍ដែលបានគ្រោងទុក ក្នុងនាមយើងជាអ្នកការពារប្រយោជន៍រួម យើងត្រូវតែរួមគ្នាការពារឱ្យខានតែបាន»៕

