(ភ្នំពេញ) : នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ភូមិកុមារ ស្ថិតនៅមណ្ឌលអប់រំកែប្រែទី២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ព្រះសង្ឃាធិបតី ធម្មវនវាសី ចន្ទមុនី, លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
ពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងលោកជំទាវ សុខ វណ្ណា, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរ។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារ យេនឌ័រក្រសួងមហាផ្ទៃ ដែល ជានិច្ចកាលតែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់មន្ត្រីពន្ធនាគារ ជាពិសេស ការផ្តល់កម្លាំងចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់មន្ត្រីពន្ធនាគារ និងលើកទឹកចិត្តចំពោះជនជាប់ឃុំ ក្នុង ការកែប្រែខ្លួនដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ បន្ថែមលើនេះ បានរួមចំណែកលើក កម្ពស់ដល់ការរស់នៅប្រចាំថ្ងៃ តាមរយៈអាហាររូបត្ថម្ភ ការប្រតិបត្តិខ្លួន និងការអប់រំផ្លូវចិត្តតាម ប្រពៃណីសាសនា រួមទាំងសកម្មភាពមនុស្សធម៌ក្នុងវិស័យពន្ធនាគារជាច្រើនផងដែរ។
ទន្ទឹមនឹង ការផ្តល់នូវគោលការណ៍ និងអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាគន្លឹះ ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងពន្ធនាគារ ឯកឧត្តម អភិសន្តិបណ្ឌិត និង លោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះមកតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដើម្បីស្វែងយល់ ដោយផ្ទាល់ អំពីស្ថានភាពការងារពន្ធនាគារ និងស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំដែលរស់នៅ អនុវត្តទោសក្នុងពន្ធនាគារ តាមរយៈដំណើរអញ្ជើញទស្សនកិច្ចមកកាន់មណ្ឌលអប់រំកែប្រែទី២ និងដោយពិនិត្យឃើញអំពី តម្រូវរបស់កុមារដែលបានរស់នៅតាមម្តាយនៅក្នុងពន្ធនាគារ លោកជំទាវ កែ សួនសុភី ស សុខា មានគំនិតផ្តួចផ្តើមបង្កើត ភូមិកុមារ នៅមណ្ឌលអអប់រំកែប្រែទី២ ហើយបានចាប់ផ្តើមដំណើរការ សាងសង់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រហូតបញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន ៖
– អគារម្តាយ ០១ខ្នង ទំហំ ៦មx១២ម កម្ពស់មួយជាន់ ចំនួន ០៣បន្ទប់ ដំបូលប្រក់ក្បឿង
– អគារកុមារ ០១ខ្នង ទំហំ ៦មx៦ម កម្ពស់មួយជាន់ ចំនួន ០១បន្ទប់ ដំបូលប្រក់ក្បឿង
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

