មេគណខេត្តព្រៃវែងទាំងពីរគណៈ និងថ្នាក់ដឹកនាំខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ព និងគ្រួសារទ័ពចំនួន ៥២០គ្រួសារ នៅសមរភូមិមុខខេត្តព្រះវិហារ

​ខេត្តព្រះវិហារ:  ក្នុងស្មារតីសាមគ្គីធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ព្រះមេគណទាំងពីរគណៈ និងថ្នាក់ដឹកនាំខេត្តព្រៃវែង បាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខ ក៏ដូចជានាំយកអំណោយសប្បុរសធម៌ ចែកជូនដល់វីរកងទ័ព និងគ្រួសារវីរកងទ័ព ចំនួន ៥២០គ្រួសារ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយ៖ ព្រះធម្មវង្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ។ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង ឯកឧត្តម ហ៉ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះស្តេច ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជាច្រើនអង្គ/នាក់។

​មានថេរដីកា និងប្រសាសន៍នាឱកាសនោះ ព្រះមេគណទាំងពីរគណៈ និងឯកឧត្តមថ្នាក់ដឹកនាំ បានសម្ដែងនូវការសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីមកបំពេញភារកិច្ចការពារជាតិមាតុភូមិនៅតំបន់ជួរមុខ។ ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការផ្សារភ្ជាប់គ្នារវាងអាណាចក្រ និងពុទ្ធចក្រ ក្នុងការគាំទ្រដល់កងកម្លាំងជួរមុខឱ្យកាន់តែមានស្មារតីរឹងមាំ។

ក្នុងពិធីសំណេះសំណាលនោះ ព្រះមេគណទាំងពីរគណៈ និងឯកឧត្តម បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់កងទ័ព និងគ្រួសារទ័ពទាំង ៥២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥ គីឡូក្រាម ​មី១ កេស ​ភេសជ្ជៈ ១ កេស និង​ថវិកា ១០០,០០០ រៀល (ដប់ម៉ឺនរៀល) ។ ជូនដល់​អង្គភាព​កងទ័ព​ មាន​អង្ករ​ ៤០០បេ, មី ៤០០កេស, ភេសជ្ជៈ ៤០០កេស, ទឹកសុទ្ធ ៩០កេស និង៥០០យួរ និងថវិកា​ ៤០.០០០.០០០ ​រៀល​ ព្រមទាំងបានរៀបចំអាហារសាមគ្គីចំនួន ៥៥តុ ផងដែរ។

សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ បានស្ដែងឱ្យឃើញពីការរួមសុខរួមទុក្ខ និងការលើកទឹកចិត្តដល់វីរកងទ័ព ក៏ដូចជាគ្រួសារទ័ព ដែលជាបង្អែកដ៏រឹងមាំនៅសមរភូមិក្រោយ ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមបន្ទាត់ព្រំដែននៃមាតុភូមិកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *