ខេត្តកំពង់ចាម: នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចាត់ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និង ឯកឧត្តម ទូច ឆៃ នាយកសាខា រួមដំណើរដោយ លោក ជឹង ម៉េងហុង អនុប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ៣០គ្រួសារស់នៅក្នុង នៅភូមិល្ពាក។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣០ខ្នង ក្នុង ឃុំស្រក ត្រូវ របើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតមធ្យមនិង ស្រាល ។
ឯកឧត្តម ទូច ឆៃ និង ឯកឧត្តម ចាន់ វ៉ាន់ បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។
ឯកឧត្តម បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ថា ប្រធានគណ:កម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម ចាន់ វ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាពបង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល នេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។ ជាមួយនោះ ខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។
អំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣០គ្រួសារនោះ ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង រួមមាន:
ពលរដ្ឋរងផលប៉ះពាល់ កម្រិតមធ្យម ៨គ្រួសារ ក្នុង ១គ្រួសារ ១៥០.០០០ រៀល ។
ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ១៦គ្រួសារ ក្នុង ១គ្រួសារ ១០០.០០០រៀល និង ៦គ្រួសារទៀត ក្នុង ១គ្រួសារ ៥០.០០០រៀល៕

