ខេត្តព្រៃវែង៖ វិស័យអប់រំក្នុងខេត្តព្រៃវែងនៅតែបន្តបង្ហាញនូវសក្ដានុពលយ៉ាងខ្លាំងក្លា បន្ទាប់ពីបេក្ខជនតំណាងខេត្តចំនួន ៣រូប បានខិតខំប្រឹងប្រែងរហូតដណ្តើមបានជ័យលាភីលំដាប់ថ្នាក់ជាតិ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ប្រចាំឆ្នាំ២០២៦។
យោងតាមលទ្ធផលផ្លូវការ សិស្សពូកែដែលជាមោទនភាពរបស់ខេត្តព្រៃវែង រួមមាន៖
១. កម្រិតសិស្សពូកែថ្នាក់ទី១២
យុវសិស្ស ថន រិនសុភៈ៖ ទទួលបាន មេដាយមាស (ចំណាត់ថ្នាក់លេខ១) លើមុខវិជ្ជា គណិតវិទ្យា។ យុវសិស្សរូបនេះ មកពីវិទ្យាល័យព្រៃដើមថ្នឹង ស្ថិតក្នុងស្រុកស៊ីធរកណ្តាល។
យុវសិស្ស ឡៃ កន្និកា៖ ទទួលបាន ចំណាត់ថ្នាក់លេខ៤ លើមុខវិជ្ជា ភាសាខ្មែរ។ យុវសិស្សរូបនេះ មកពីវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង។
២. កម្រិតសិស្សពូកែថ្នាក់ទី៩
យុវសិស្ស យឿន កល្យាណ៖ ទទួលបាន មេដាយមាស (ចំណាត់ថ្នាក់លេខ១) លើមុខវិជ្ជា ភាសាខ្មែរ។ យុវសិស្សរូបនេះ មកពីវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង។
ជាការកត់សម្គាល់ វិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ទទួលបានជ័យលាភីរហូតដល់ទៅ ២រូប ក្នុងពេលតែមួយ។
ជោគជ័យនេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួន និងគ្រួសាររបស់ប្អូនៗជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរដែនដី ដែលបានខិតខំជម្រុញ និងលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សូមចូលរួមអបអរសាទរដល់ប្អូនៗទាំងអស់ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ!

