ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវឱ្យកាន់តែមានភាពប្រសើរឡើង លោក នេត សារ៉ាត់ អភិបាលរងនៃគណៈអភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច បានដឹកនាំក្រុមការងារមន្ត្រីជំនាញ និងកងកម្លាំងពាក់ព័ន្ធ ចុះពិនិត្យសណ្តាប់ធ្នាប់ផ្ទាល់នៅតាមបណ្តោយផ្លូវលេខ ៣១២។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅចំណុចផ្សារទ្រា ស្ថិតក្នុងឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយផ្តោតសំខាន់លើចំណុចសំខាន់ដូជា៖ បានណែនាំដល់អាជីវករ និងអ្នកលក់ដូរ មិនឱ្យមានការរំលោភយកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្ម ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍។ លើកកម្ពស់ការរៀបចំបរិស្ថានជុំវិញតំបន់ផ្សារ និងតាមបណ្តោយផ្លូវលេខ ៣១២ ឱ្យមានរបៀបរៀបរយ និងមានភាពទាក់ទាញ។ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះ លោកអភិបាលរងស្រុក ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត និងសុវត្តិភាពសម្រាប់យើងទាំងអស់គ្នា។ តាមរយៈសកម្មភាពនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកព្រះស្តេច ក្នុងការកែលម្អមុខមាត់ទីប្រជុំជន និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់៕សហការី

