កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផ្តល់កិច្ចគាំទ្របច្ចេកទេសលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប: នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំ ដោយឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីពិនិត្យវឌ្ឍនភាព និងផ្តល់កិច្ចគាំទ្របច្ចេកទេសលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានសម្តែងការស្វាគមន៍ចំពោះវត្តមានឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ និងប្រតិភូអមដំណើរ និងលោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងថ្លែងអំណរគុណចំពោះក្រុមការងារដែលតែងតែយកចិត្តទុកដាក់ផ្តល់កិច្ចគាំទ្រលើបច្ចេកទេសជាប្រចាំលើការផ្តល់សេវារដ្ឋបាលក្នុងវិស័យនេះ ហើយព្រមទាំងបានរាយការណ៍អំពីវឌ្ឍនភាពនៃការផ្តល់សេវា និងលើកនូវបញ្ហាប្រឈម ព្រមទាំងសំណូមពរមួយចំនួនបន្ថែមទៀតក្នុងការអនុវត្តផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើប្រសិទ្ធិភាពនៃការអនុវត្តផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមសេចក្តីណែនាំដែលបានដាច់ចេញ នាពេលកន្លងមក ព្រមទាំងបានបន្តរៀបចំ និងត្រៀមដាក់ចេញលិខិតបទដ្ឋានថ្មីៗបន្ថែមទៀត។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានផ្តល់ឱ្យមន្រ្តីជំនាញរបស់ក្រសួង ធ្វើការបកស្រាយរាល់បញ្ហាប្រឈម និងបានទទួលយកនូវសំណូមពរដែលបានលើកឡើង សម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេចដោះស្រាយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *