រដ្ឋបាលស្រុកពោធិ៍រៀង បើកការដ្ឋានស្ដារប្រឡាយ និងជួសជុលទំនប់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកតាសរ

ខេត្តព្រៃវែង:  នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងវត្តជ្រោយមានជ័យ ភូមិព្រែកក្រូច ឃុំព្រែកតាសរ លោក ម៉ៅ ថេត អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ដារប្រឡាយ និងជួសជុលទំនប់ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥។

​គម្រោងហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ ត្រូវបានអនុវត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន រួមមាន៖​ការស្ដារប្រឡាយប្រវែងសរុប ២,៤៧០ម៉ែត្រ។

​ការងារជួសជុលទំនប់ ប្រវែង ១,៩២០ម៉ែត្រ និងទទឹង ៥ម៉ែត្រ។

​ដាក់លូទ្វារទឹកចំនួន ០១កន្លែង។ ​ជួសជុលទ្វារទឹកចំនួន ០៤កន្លែង។ ​ជួសជុលលូកាត់ប្រឡាយចំនួន ០១កន្លែង។

​គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ភូមិចំនួន ០៣ ក្នុងឃុំព្រែកតាសរ រួមមាន៖​ ភូមិព្រែកក្រូច ​ភូមិព្រែកតាសរ និង​ភូមិព្រែកឈ្មោះ ។ ​ក្នុងឱកាសនោះ លោក ម៉ៅ ថេត បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងបង្កើនលទ្ធភាពគ្រប់គ្រងទឹកសម្រាប់បម្រើការងារបង្កបង្កើនផលកសិកម្ម។

ជាមួយគ្នានេះ លោកអភិបាលរងស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យជួយសហការ និងតាមដានការសាងសង់ ដើម្បីឱ្យសំណង់នេះមានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួមក្នុងសហគមន៍ទាំងមូល៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *