ខេត្តព្រៃវែង: នាថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក នេត សារ៉ាត់ អភិបាលរងស្រុកព្រះស្ដេច តំណាងដ៏ខ្ពង់ខ្ពស់ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីបើកផ្តល់អាហាររូបករណ៍ និងអំណោយសប្បុរសធម៌ របស់អង្គការមូលនិធិនៃក្ដីសង្ឃឹម ជូនដល់សិស្សានុសិស្សក្រីក្រមកពីឃុំចំនួន ៤ ក្នុងស្រុកព្រះស្តេច។
ក្នុងពិធីនេះ មានសិស្សានុសិស្សដែលកំពុងជួបការលំបាកសរុបចំនួន ១០០ នាក់ បានទទួលការឧបត្ថម្ភ ដែលមកពីតាមបណ្តាឃុំនានា រួមមាន៖ឃុំបន្ទាយចក្រី ៣៩នាក់ ឃុំព្រះស្ដេច ៣៤នាក់
ឃុំរំចេក ១៤នាក់ ឃុំបឹងដោល ១៣នាក់ ។
ដើម្បីជួយសម្រាលបន្ទុកជីវភាពគ្រួសារ និងលើកទឹកចិត្តដល់ការសិក្សា សិស្សម្នាក់ៗទទួលបាននូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ៥០ គីឡូក្រាម ត្រីខ ១២ កំប៉ុង ទឹកត្រី ១ ដប, ទឹកស៊ីអ៉ីវ ១ ដប និងប្រេងឆា ១ ដបអំបិល ១ គីឡូក្រាម និងស្ករស ១ គីឡូក្រាម។ ដោយឡែក សម្រាប់សិស្សចំនួន ០២ នាក់ ដែលជួបការលំបាកខ្លាំង និងខ្វះខាតមធ្យោបាយធ្វើដំណើរមកសាលារៀន ក៏ទទួលបានការឧបត្ថម្ភកង់ម្នាក់ ១គ្រឿង (សរុប ២គ្រឿង) បន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះ លោក នេត សារ៉ាត់ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការមូលនិធិនៃក្ដីសង្ឃឹម ដែលជានិច្ចកាលតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់កុមារ និងសិស្សានុសិស្សខ្វះខាត ឱ្យមានឱកាសបន្តការសិក្សាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង៕សហការី

