ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានដឹកនាំលោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ មន្រ្តីប្រចាំការ បុគ្គលិកកិច្ចសន្យា រួមជាមួយក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះ ចំនួន ៨ខ្នងផ្ទះ ស្មើនឹង ៨គ្រួសារ នៅភូមិព្រៃព្នៅត្បូង ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកថា ”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ជាមួយគ្នានោះ លោកប្រធាន បានសំណូមពរសូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសាររដូវមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់ បានចូលមកដល់ និងសូមកុំចេញទៅទីវាលនៅពេលមានភ្លៀងធ្លាក់ ព្រមទាំងសំណូមពរសូមអោយមានការខិតខំថែរក្សាសុខភាពអោយបានល្អ ដោយប្រកាន់យកនូវការរស់នៅស្អាត បរិភោគស្អាត ផឹកស្អាត ត្រូវតាមដានសុខភាពជាប្រចាំ សូមបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗ ព្រមទាំងចូលរួមកំចាត់ជំងឺមិនឆ្លងដោយមិនត្រូវបរិភោគអាហារមានរសជាតិផ្អែមពេក ប្រៃពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
សម្ភារៈផ្តល់ជូន៖ សម្រាប់ ៤គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ (ប្រភេទ ក) ក្នុង ១គ្រួសារ ទទួលបាន: អង្ករ ២៥គ.ក, មីខ្លាឃ្មុំ ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, សម្ភារ:ផ្ទះបាយ ១ឈុត , សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ១០០,០០០ រៀល ក្រុមកាកបាទក្រហមឃុំបានចូលរួមថវិកាបន្ថែមក្នុង១គ្រួសារ ចំនួន ៥០,០០០រៀល ។ ចំណែក ៤គ្រួសារទៀត ដែលរងផលប៉ះពាល់ស្រាល (ប្រភេទ ខ) ទទួលបាន: អង្ករ ២៥គ.ក, មីខ្លាឃ្មុំ ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, សម្ភារ:ផ្ទះបាយ ១ឈុត , សម្ភារៈដំណេក ១ឈុត និងថវិកាចំនួន ៥០,០០០ រៀល ក្រុមកាកបាទក្រហមឃុំបានចូលរួមថវិកាបន្ថែមក្នុង ១គ្រួសារ ចំនួន ៥០,០០០រៀលផងដែរ។

