សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមជ្រុលនិយមដែលប្រឆាំងនឹងការចូលឆ្នាំ

(ភ្នំពេញ) : នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។

យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជា
ការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យ
ពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?

ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ
ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបធៀបថា (របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ)។

សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

សូមគោរពអញ្ជើញអ្នកប្រឆាំងនឹងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ
ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *