ខេត្តសៀមរាប: ដើម្បីចូលរួមផ្ដល់ឱកាសឱ្យយុវជនដែលបោះបង់ការសិក្សា ឬបញ្ចប់ការសិក្សាទទួលបានជំនាញមួយដែលប្រើប្រាស់រយៈពេលខ្លី ចំណេញពេលវេលា និងទទួលបានបំណិនជីវិតស្របតាមពាក្យស្លោករបស់ក្រសួងទេសចរណ៍ “បុគ្គលិកម្នាក់ ជំនាញមួយ” អាចទទួលបានប្រាក់ចំណូលជួយខ្លួនផ្ទាល់ និងគ្រួសារសម្រាប់ពេលអនាគត នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ សមាគមក្លិបទេសចរណ៍សៀមរាប (STC) គាំទ្រសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចស្របតាមស្ដង់ដារអាស៊ាន ជូនយុវជនមកពីគ្រួសារក្រីក្រ ២០០នាក់ នៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ត្រូវមានការតាំងចិត្តខ្ពស់ មានវិន័យក្នុងការសិក្សា និងកុំបោះបង់ឱកាស និងសូមខិតខំរៀនបន្ថែមជំនាញវិជ្ជាជីវៈ ជាភាសាបរទេស ភាសាផ្សេងៗទៀត ព្រមទាំងអភិវឌ្ឍជំនាញទន់ ដូចជា ការទំនាក់ទំនង ការធ្វើការជាក្រុម និងការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ពិតណាស់ ចំណេះដឹង និងជំនាញដែលបានមកពីការប្រឹងប្រែងអត់ធ្មត់ក្នុងការសិក្សា នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អនាគត និងជាគន្លឹះសម្រាប់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកចម្រើន។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា បានណែនាំ និងជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការពន្យល់ណែនាំ ការបង្វឹក និងការចែករំលែកបទពិសោធន៍ពីសំណាក់គ្រូបង្គោលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានចំណេះដឹង សមត្ថភាពជំនាញវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ត្រូវអភិវឌ្ឍសមត្ថភាពជំនាញទន់ដែលចាំបាច់ជាអាទិ៍ ជំនាញភាសា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញសហគ្រិនភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងជាពិសេសការអភិវឌ្ឍវិថីអាជីពការងាររបស់ខ្លួននាពេលអនាគតក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គដែលពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ហើយការអភិវឌ្ឍមូលធនមនុស្សជាការងារអាទិភាពដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្សមានគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ សំដៅធានាបាននូវការផ្ដល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្ដៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៨ខែ ចាប់ផ្ដើមពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានយុវជនមកពីគ្រួសារក្រីក្រចំនួន ២០០នាក់ បានចូលរួមលើជំនាញ៤ ទាំងទ្រឹស្ដី និងអនុវត្តជាក់ស្ដែងដូចជា ជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចុងភៅ។ នេះជាលើកទី៤ហើយ តាំងពីឆ្នាំ២០២៣មក ដែលសមាគមបានបណ្តុះបណ្តាលយុវជនលើជំនាញបដិសណ្ឋារកិច្ចចំនួនសរុប ៧០០រូប ហើយបានបន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងនោះយុវជនទាំងអស់ទទួលបានឱកាសការងារទាំង ១០០ភាគរយ ផងដែរ៕

