ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកលេងកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នៅខេត្តពោធិ៍សាត់។
ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំតុបតែងភ្លើងលម្អ និងសោភ័ណភាពតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើបុរីវប្បធម៌កោះសំពៅមាស នាត្រីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានសម្រេចការរៀបចំភ្លើងលម្អយ៉ាងមានសោភ័ណភាព និងទាក់ទាញ។ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំនេះមិនត្រឹមតែដើម្បីលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់ជូននូវបរិយាកាសសប្បាយរីករាយ និងភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្ត។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា «យើងទាំងអស់គ្នាចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ, បើទោះបីក្នុងកម្រិតណាក៏ដោយ ក៏រដ្ឋបាលខេត្តខិតខំបង្កលក្ខណៈឱ្យអស់ពីលទ្ធភាព»។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមអញ្ជើញមកលេងកម្សាន្តឱ្យបានច្រើនកុះករ និងសូមបងប្អូនជួយថែរក្សាសោភ័ណភាពខេត្ត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមធុងសំរាមដែលបានរៀបចំ ដើម្បីឱ្យខេត្តយើងស្អាត និងមានផាសុកភាពទាំងអស់គ្នា៕

