អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ

ខេត្តពោធិ៍សាត់:  ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចេញពីបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ដើម្បីមកតាំងទីលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍ «ភូមិសន្តិភាពបឹងយា» ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ការរៀបចំឱ្យបងប្អូនផ្លាស់ប្តូរទីលំនៅពីមាត់ស្ទឹង (ចាប់ពីចំណុចស្ពានថ្ម ផ្លូវជាតិលេខ៥ រហូតដល់ស្ពានដែក ផ្លូវរថភ្លើង) មកកាន់ទីតាំងថ្មីនេះ គឺជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»។ ឯកឧត្តមបានលើកឡើងពីហានិភ័យខ្ពស់ នៃការរស់នៅតាមដងស្ទឹង ដែលងាយប្រឈមនឹងគ្រោះថ្នាក់បាក់ច្រាំង បញ្ហាសុខភាព ដោយសារបរិស្ថានមិនស្អាត និងកង្វះហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅទីតាំងថ្មី «ភូមិសន្តិភាពបឹងយា»នេះ បងប្អូនមិនត្រឹមតែទទួលបានដីឡូតិ៍សម្រាប់សង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់កូនចៅតទៅមុខ។

រដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច នូវប្រព័ន្ធលូ ទឹកស្អាត ភ្លើងបំភ្លឺតាមដងផ្លូវ និងអគ្គិសនី ពិសេសគឺមានដីសម្រាប់ដាំដុះ ដែលមន្ទីរកសិកម្មនឹងចុះមកជួយផ្នែកបច្ចេកទេស និងផ្តល់គ្រាប់ពូជ ដើម្បីឱ្យបងប្អូនអាចផលិតកម្មកសិកម្មផ្គត់ផ្គង់ជីវភាព និងលក់លើទីផ្សារបានទៀតផង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *