ខេត្តព្រះសីហនុ: យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានទទួលសូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជាជាមួយនាវិកសរុបប្រមាណ២៦២នាក់។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ីនិងនាវា ចម្បាំងនាពេលនេះនឹងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជានិងរុស្ស៊ីដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀតជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនិងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត៕

