គណៈប្រតិភូវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(កំពង់ចាម): គណៈប្រតិភូខេត្តដុងណាយ និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ ឡើងសឺន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងណាយ និង ឯកឧត្តម ហ៊ូញ វ៉ាន់ស៊ីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។

ឯកឧត្តម អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តដុងណាយ និងខេត្តតៃនិញ ដែលជានិច្ចកាលតែងតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ចាម ជាពិសេសខេត្តដុងណាយ ដែលទើបនឹងចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងរដ្ឋបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែកតាមរយៈកិច្ច សហប្រតិបត្តិរវាងខេត្តទាំងពីរ នឹងបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ប្រកបដោយនិរន្តរភាពយូរអង្វែង និងជាក់ស្តែងក្នុងវិស័យផ្សេងៗគ្នា ស្របតាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍន សេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្តកំពង់ចាម និងខេត្តដុងណាយ។

ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបាន បង្កើតឡើងក្នុងបរិបទដែលប្រជាជនវៀតណាម កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការតស៊ូយ៉ាង ខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពាន ពីសំណាក់បរទេស និងបុព្វហេតុ ទាមទារឯករាជ្យ ពីរបបអាណានិគមនិយម រហូតទទួលបានជោគជ័យដ៏អង់អាច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *