គណៈប្រតិភូវៀតណាមចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តបាត់ដំបង: គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសនៃក្រសួងការបរទេសវៀតណាម និងឯកឧត្តម ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។

ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម និងកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ហើយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសមានតួនាទីក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នវៀតណាមបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ដូច្នេះរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។

ជាការឆ្លើយតបភាគីវៀតណាមបានឯកភាពនិងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

បន្ថែមពីនេះ ភាគីវៀតណាមបានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងជាពិសេសអង្ករបាត់ដំបង និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ភាគីវៀតណាមបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបងដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។

ភាគីវៀតណាមបានលើកឡើងពីការយកសំណាកដីនៅខេត្តបាត់ដំបងទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាមដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបងដើម្បីជំរុញការវិនិយោគ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *