(កំពង់ចាម) : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថា បង ប្អូនប្រជាការពារភូមិ បានដើរតួនាទី សំខាន់ មួយផ្នែក ដើម្បីជួយសម្រួលភារកិច្ចរបស់សមត្ថកិច្ច និងជាតួអង្គ បញ្ជាការឯកភាពឲ្យ មេភូមិ ប៉ូលីស ប៉ុស្តិ៍ មេឃុំ-ចៅសង្កាត់។
ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល ផ្តល់ជូនឯកសារ និងសម្ភារៈការងារសន្តិសុខដល់ប្រជាការពារ ក្នុងសង្កាត់ទាំង ៤ ក្រុងកំពង់ចាម ដែលកម្មវិធី ក៏មានការចូលរួម ដោយ លោកជំទាវ ស៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោត សរសើរ ចំពោះ ការលះបង់ កម្លាំង កាយចិត្ត របស់បងប្អូនប្រជាការពារភូមិ ដែលកន្លងមក បាបជួយ សម្រួបសម្រួល ចរាចរណ៍ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ទប់ស្កាត់ ក្មេងទំនើង ជួយការពារទ្រព្យសម្បត្តិប្រជា ពលរដ្ឋក្នុងភូមិ និងជួយធ្វើសន្តិសុខ យាមល្បាត ពេលបងប្អូនប្រជាពលរដ្ឋ មានកម្មវិធីបុណ្យទាន ព្រមទាំង ពិធីការផ្សេងៗ។
ឯកឧត្តម បានឲ្យដឹងទៀតថា បងប្អូនប្រជាការពាររបស់យើង ធ្វើការងាររៀងរាល់ថ្ងៃមិនទទួលបានប្រាក់លើកចិត្ត និងប្រាក់ខែនោះទេ ប៉ុន្តែ បងប្អូនប្រជាការពាររបស់ មានឆន្ទះ មានមនសិការ នៅតែបន្តធ្វើជាអ្នកការពារដ៏រឹងមាំមួយសម្រាប់បំរើងប្រជាពលរដ្ឋយើង។ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាការពារ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ សូមឲ្យប្រជាការពារ ជួយសម្រួលចរាចរណ៍ផ្លូវគោក និងជួយរក្សាម៉ូតូ ឡាន និងទ្រព្យសម្បត្តិផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅ ពេលមកលេងសង្រ្កាន្តកំពង់ចាម។
ឯកឧត្តម បានបន្តថា ជាផែនការបន្ត ក្រសួងមហាផ្ទៃ ក៏មានគម្រោងធ្វើប័ណ្ណសមធម៌ សម្រាប់ឲ្យប្រជាការពាររបស់យើងពេលឈឺស្កាត់ផ្សេងៗ ទៅពេទ្យព្យាបាលមិនអស់ប្រាក់ ហើយក៏ផ្នែកមួយ កាត់បន្ថយការចំណាយរបស់ពួកគាត់ ហើយក្រសួងមហា ផ្ទៃ នឹងមានគម្រោងធ្វើឯកសណ្ឋាន សម្រាប់សម្គាល់ជាប្រជាការពារភូមិ។

