អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី!

ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ក្នុងគោលដៅធានាឱ្យបាននូវការរៀបចំពិធីបុណ្យឱ្យមានភាពរលូន សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អបំផុត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងនូវអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា «សម្រាប់ខេត្តដែលនៅជាប់ព្រំដែនដែលមានជម្លោះព្រំដែន កម្ពុជា-ថៃ យើងមិនរៀបចំសង្ក្រាន្តឱ្យមានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្តអាចបង្កលក្ខណៈសប្បាយសមរម្យ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ពិសេសតាមបន្ទាត់ព្រំដែនជាចម្បង»។

ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការ ដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ដែលមានក្នុងសេចក្តីសម្រេចខាងលើ ត្រូវពង្រឹងការយាមកាម និងល្បាត ២៤ម៉ោង/២៤ម៉ោង ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងពេលកម្សាន្ត។ ត្រូវរៀបចំតុបតែងភ្លើងពណ៌តាមទីសាធារណៈ សួនច្បារ កន្លែងកម្សាន្ត និងមន្ទីរអង្គភាពនានា ឱ្យមានភាពស្រស់បំព្រង រួមជាមួយការគ្រប់គ្រងអនាម័យបរិស្ថានឱ្យបានល្អស្អាត។ ជំរុញឱ្យមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ និងសិល្បៈគ្រប់ទម្រង់ នៅលើបុរីវប្បធម៌កោះសំពៅមាស ឬតាមទីអារាម។ គ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវចូលរួមសហការគ្នា ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តម ខូយ រីដា បានរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំស្បៀងអាហារ និងសម្ភារឧបត្ថម្ភ ដើម្បីចុះសួរសុខទុក្ខ និងចែកជូនដល់ វីរកងទ័ពនៅសមរភូមិមុខ និងគ្រួសារកងទ័ព ដែលកំពុងឈរជើងការពារទឹកដី ព្រមទាំងនិវត្តន៍ជន ដែលបានលះបង់កម្លាំងកាយចិត្ត ជូនជាតិមាតុភូមិ។ ជាមួយគ្នានោះ មន្ទីរអង្គភាពដែលមានសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវបន្តយកចិត្តទុកដាក់ និងចុះជួយពួកគាត់ឱ្យបានទាន់ពេលវេលាមុនថ្ងៃបុណ្យចូលមកដល់។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមប្តេជ្ញានឹងធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦នេះ ក្លាយជាព្រឹត្តិការណ៍ដែលមានអត្ថន័យ ផ្តល់ភាពកក់ក្តៅដល់កងទ័ព និងបង្កភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *