ខេត្តព្រៃវែង: នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦ កាន់តែមានភាពសកម្ម និងផុសផុល បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យ និងការចុះត្រួតពិនិត្យទីតាំងផ្ទាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» នៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអនុគណៈកម្មការនីមួយៗ បន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សោភ័ណភាព និងការតុបតែងលម្អ ឱ្យមានភាពទាក់ទាញ និងបង្កប់នូវអត្ថន័យវប្បធម៌។ ភាពសប្បាយរីករាយ តាមរយៈការរៀបចំកម្មវិធីកម្សាន្ត និងល្បែងប្រជាប្រិយនានា។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗដែលត្រូវរៀបចំ រួមមាន៖
សួនតេជោសន្តិភាព សួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសួនច្បារសម្ដេចក្រឡាហោម ស ខេង។
វិថីសន្តិភាព ដែលជាខ្សែផ្លូវសម្រាប់ទទួលភ្ញៀវទេសចរដើរកម្សាន្ត។
ទស្សនាការគូរគំនូរ “សិល្បៈដើម្បីសន្តិភាព៣” នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដែលជាការបង្ហាញពីសក្តានុពលវប្បធម៌ និងអត្តសញ្ញាណខេត្តព្រៃវែង។
ព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៦ នឹងត្រូវរៀបចំប្រារព្ធឡើងយ៉ាងអធិកអធម ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
រដ្ឋបាលខេត្តព្រៃវែង សូមអញ្ជើញបងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យបរិយាកាសនៃសង្រ្កាន្តឆ្នាំនេះ កាន់តែមានភាពអស្ចារ្យ និងសប្បាយរីករាយ៕


