(កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ។
បើតាមលោក កុក សុីជឿន ប្រធានគម្រោង បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់ យុវជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។
លោកប្រធានគម្រោង បន្តថា នៅឆ្នាំ២០២៥កម្មវិធីទស្សនកិច្ចសិក្សាបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យបង្អែកទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងអង្គភាពបម្រើសេវាសាធារណៈគំរូ។ ដោយឡើងកម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តពីឆ្នាំ២០២៥ ដែលមាន វិទ្យាល័យចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន ៣០០នាក់ ស្រី១៨៩នាក់។ ឆ្នាំ២០២៦នេះ បានពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែលមានក្លឹបសិក្សាចំនួន ថេរនឹងឆ្នាំកន្លងទៅ សមាជិកក្លឹបសរុប៣០០នាក់ ស្រី ២១៣នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ក្រុមការងារ “មនសិការពលរដ្ឋល្អ” ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាមយើង។
ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ច ការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

