ខេត្តព្រៃវែង: ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុង និងកិច្ចគាំពារបរិស្ថានឱ្យកាន់តែមានភាពស្រស់បំព្រង រដ្ឋបាលក្រុងព្រៃវែង បានបន្តសហការយ៉ាងសកម្មជាមួយមន្ទីរបរិស្ថានខេត្ត ចុះអនុវត្តយុទ្ធនាការសម្អាតបរិស្ថាន និងអនាម័យជាប្រចាំ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះរួមមានមន្ត្រីរាជការ បុគ្គលិកអនាម័យ និងយុវជន បានចុះបំពេញបេសកកម្មសម្អាតនៅតាមទីតាំងសំខាន់ៗ រួមមាន៖
នៅមុខបរិវេណសាលាខេត្តព្រៃវែង តាមបណ្តាសង្កាត់ទាំង ៤ ក្នុងក្រុងព្រៃវែង នៅតាមសាលារៀននានា ដើម្បីបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស ។ បោសសម្អាត និងប្រមូលកាកសំណល់តាមសួនច្បារ និងផ្លូវសាធារណៈ។
គួរបញ្ជាក់ថា សកម្មភាពនេះមិនមែនធ្វើឡើងត្រឹមតែម្តងម្កាលនោះទេ ប៉ុន្តែជារបៀបវារៈការងារដែលរដ្ឋបាលក្រុងបានកំណត់យករៀងរាល់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃយុទ្ធនាការអនាម័យជារៀងរាល់សប្តាហ៍។ ការកំណត់បែបនេះ គឺដើម្បីបង្កើតជាទម្លាប់ល្អក្នុងសហគមន៍ និងធានាថាទីក្រុងព្រៃវែង តែងតែមានអនាម័យជាប់ជាប្រចាំ។
តាមរយៈយុទ្ធនាការនេះ រដ្ឋបាលក្រុងព្រៃវែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្សទាំងអស់ សូមមេត្តា ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមធុងសំរាមដែលបានរៀបចំ។ ចូលរួមសម្អាតនៅមុខផ្ទះ ឬទីតាំងអាជីវកម្មរៀងៗខ្លួន។ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
«ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា! ការចូលរួមរបស់លោកអ្នកនៅថ្ងៃនេះ គឺជាភាពស្រស់បំព្រងនៃក្រុងព្រៃវែងនៅថ្ងៃស្អែក។»

