ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយអាជ្ញាធរខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”

ខេត្តសៀមរាប: នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច បានអញ្ជើញចូលជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងកងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាព ស្ថាប័ន និងគ្រឹះស្ថានឯកជន។

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់ និយ័តករធានារ៉ាប់រងកម្ពុជាមានកត្តាចំនួន៣ ដែលបណ្ដាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន៖ ទី១.ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្មទី២.ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងទី៣.ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប ដែលមានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។

សូមជម្រាបថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? និងតើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ច ក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *