កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី

ខេត្តសៀមរាប: នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ១៨ ឆ្នាំឡើងដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធ ឪពុក ឬម្តាយជាជនបរទេសអន្តោប្រវេសន្ត និងលិខិតបទដ្ឋាននានារបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតី លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ន និងជនភៀសខ្លួន និងមានការចូលរួមពីលោក ស្នងការរង មន្ត្រីជំនាញពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ទាំង១៣ លោកធិការរងតាមបណ្តាក្រុងស្រុក លោកចៅសង្កាត់ មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥៤ ដែលមានជនបរទេសអន្តោប្រវេសន្នរស់នៅ ចូលរួមសរុបប្រមាណ ២១៨ នាក់ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលរងបានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពផ្ដល់សេវារដ្ឋបាលដល់ជនបរទេសអន្តោប្រវេសន្តស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានាដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
១-អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំសិក្សាស្វែងយល់ពីខ្លឹមសារច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រូវផ្ដល់សេវារដ្ឋបាលផ្សេងៗដល់ជនបរទេសអន្តោប្រវេសន្តតាមការស្នើសុំ ស្របតាមសមត្ថកិច្ចទទួលខុសត្រូវរៀងៗខ្លួន។
២-បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនបរទេសខុសច្បាប់។
៣-ធ្វើការជំរុញណែនាំជនបរទេសអន្តោប្រវេសន្តឱ្យអនុវត្តកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ (អ្នកផុតសុពលភាពបណ្ណស្នាក់នៅ ត្រូវស្នើសុំបន្តសុពលភាពឱ្យបានត្រឹមត្រូវ
-កូនអាយុ ១៨ឆ្នាំមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ត្រូវបំពេញបែបបទសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍
-កូនកើតថ្មីត្រូវបំពេញបែបបទស្នើសុំបញ្ចូលក្នុងតារាងឧបសម្ព័ន្ធប្រកាសទទួលស្គាល់របស់ឪពុក ឬម្ដាយជាដើម។ល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *