ខេត្តព្រៃវែង: ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គបណ្តុះបណ្តាល “មូលដ្ឋានវិជ្ជាសង្គ្រោះបឋម និងគោលនយោបាយអ្នកស្ម័គ្រចិត្ត” ចំនួន ០២វគ្គ ជូនដល់ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ក្នុងស្រុកកំពង់ត្របែក។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលាឃុំថ្កូវ និងសាលាឃុំជាងដែក ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកស្រីបណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដោយមានការចូលរួមពីក្រុមប្រតិបត្តិសាខា អនុប្រធាន ហេរញ្ញឹក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ សិក្ខាកាមដែលបានចូលរួមសរុបមានចំនួន ៣៩នាក់ (ស្រី ០៨នាក់) ដែលអញ្ជើញមកពីឃុំចំនួន ០២ ស្មើនឹង ២២ភូមិ រួមមានក្រុមកាកបាទក្រហមឃុំ០៥នាក់ (ស្រី ០២នាក់) អ្នកស្ម័គ្រចិត្តភូមិ៣៤នាក់ (ស្រី ០៦នាក់) ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ គ្រូឧទ្ទេសបានលើកយកប្រធានបទសំខាន់ៗចំនួន ០៨ មកបង្ហាញ រួមមាន៖គោលនយោបាយ និងតួនាទីអ្នកស្ម័គ្រចិត្ត កក្រក។ វិជ្ជាសង្គ្រោះបឋម (ការធ្វើ CPR, ការជួយអ្នកលង់ទឹក, ឆ្កែខាំ, រលាកភ្លើង, ពស់ចឹក និងការបញ្ជូនជនរងគ្រោះ)។ ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ បដិរូប និងសញ្ញាសម្គាល់កាកបាទក្រហម។
គោលការណ៍គ្រឹះទាំង ៧ របស់ចលនា។ គោលការណ៍ណែនាំស្តីពីអត្តសញ្ញាណ កក្រក។ ភាពធន់សហគមន៍ និងប្រព័ន្ធប្រកាសអាសន្នមុន។ សុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម។
នាឱកាសនោះ លោកស្រីបណ្ឌិតនាយិកាសាខា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ជូនដល់សិក្ខាកាមទាំងអស់។ លោកស្រីបានសង្កត់ធ្ងន់ថា៖ ”សូមឱ្យបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងសហគមន៍ ពិសេសត្រូវបន្តចែករំលែក និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដើម្បីជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពសង្គម។”
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ សាខាខេត្តព្រៃវែង បានសម្រេចលទ្ធផលក្នុងការបណ្តុះបណ្តាលបានចំនួន ០៤វគ្គ ហើយ ដែលមានសិក្ខាកាមសរុប ១៥០នាក់ (ស្រី ៤២នាក់) មកពីឃុំចំនួន ០៩ ស្មើនឹង ៨៩ភូមិ ក្នុងខេត្តព្រៃវែងទាំងមូល៕

