អភិបាលខេត្តក្រចេះ ស្នើដល់អាជ្ញាធរពាក់ព័ន្ធ បន្តចុះសួរសុខទុក្ខ និងស្រង់ស្ថិតិ និងសួរនាំដើម្បីផ្តល់ការងារជូនបងប្អូនពលករវិលត្រឡប់មកវិញ

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៃគណៈអភិបាលខេត្តក្រចេះ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ បន្តចុះសួរសុខទុក្ខ និងស្រង់ស្ថិតិ និងសួរនាំដើម្បីផ្តល់ការងារជូនបងប្អូនពលករវិលត្រឡប់មកវិញ។ ក្នុងន័យនេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនពលករទាំងអស់សូមវិលត្រឡប់មកស្រុកយើងវិញ និងឈប់រកការងារនៅក្រៅស្រុក ស្របពេលស្ថានភាពមានបញ្ហាជម្លោះព្រំដែន រដ្ឋាភិបាលបានផ្តល់ការងារជូនបងប្អូនរាប់សែនកន្លែង ទៅតាមជំនាញរបស់បងប្អូន៕

ការលើកឡើងរបស់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរមន្រ្តីរាជការ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានជួយឧបត្ថម្ភ ក្នុងស្មារតីផុលផុសជួយកងទ័ពក្នុងបុព្វហេតុជាតិ ហើយនៅចំពោះមុខនេះ រដ្ឋបាលខេត្ត ត្រៀមនាំយកអំណោយ គ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូនកងទ័ព និងជួយបងប្អូនពលករវិលត្រឡប់មកស្រុកកំណើត។ ឯកឧត្តម វ៉ា ថន ក៏បានស្នើឱ្យមន្រ្តីសមត្ថកិច្ចទាំងអស់ សូមបន្តចាត់វិធានការបង្រ្កាប ទប់ស្កាត់ បញ្ហាបទល្មើសអនឡាញ ដោយអនុវត្តតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានណែនាំអាជ្ញាធរក្រុងស្រុក ត្រូវរៀបចំបោសសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទីទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ក្នុងរដូវទឹកជំនន់ និងបញ្ហាជំងឺរាលត្បាត ដូច្នេះមន្ទីរសុខាភិបាលខេត្ត ត្រូវមានវិធានត្រៀមបង្ការទប់ស្កាត់ និងលុបបំបាត់ឱ្យបានទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *