កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ទាប់របស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ខេត្តសៀមរាប: នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ទាប់របស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គនាយករង អគ្គលេខាធិការរង នៃ អ.ជ.ប.គ.ញ. ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សានីតិកម្ម ប្រធានការិយាល័យ ចំណុះនាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងលោក លោកស្រី អង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត ។

ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ដល់អង្គប្រជុំដេីម្បីពិនិត្យ ពិភាក្សា ក៏ដូចជាផ្តល់នូវមតិយោបល់ ធាតុចូលបន្ថែមទៀត ទៅលេីរបាយការណ៍ សម្រាប់លទ្ធផលការងារ របស់គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលសម្រេចបាននាពេលកន្លងមកនេះ ។ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការចូលរួមពីឯកឧត្តម លោកជំទាវក្នុងកិច្ចប្រជុំនាពេលនេះ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជំរុញដល់ លោក លោកស្រីទាំងអស់បន្តចូលរួមអនុវត្តនូវកិច្ចការមួយចំនួន និងស្នើកំណត់ជនបង្គោលឱ្យបានច្បាស់លាស់ ដើម្បីឱ្យក្រុមការងាររដ្ឋបាលរបស់គណៈកម្មការ ទទួលបន្ទុកអនវុត្តវិធានការរដ្ឋបាលអាចធ្វើការទំនាក់ទំនង យកព័ត៌មាន និងរបាយការណ៍ប្រចាំត្រី មាស ប្រចាំឆមាស និងប្រចាំឆ្នាំឱ្យបានទាន់ពេលវេលា ត្រូវរៀបចំរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦ ឱ្យចប់ត្រឹមដំណាច់សប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២៦ នេះ ។

បន្ថែមពីនេះត្រូវបន្តអនុវត្តផែនការប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ដែលបានដាក់ចេញកន្លងមកដើម្បីការ អនុវត្តអាចសម្រេចបានតាមផែនការគ្រោងទុក និងសូមធ្វើការចុះពិនិត្យរដ្ឋបាលឱ្យបានញឹកញាប់ចំពោះទីតាំងដែលសង្ស័យមានការប្រព្រឹត្ត បទល្មើស ជាពិសេសទីតាំងដែលមានការរស់នៅប្រមូលផ្តុំ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *