(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារអមដោយរូបថតមួយសន្លឹក ដែលបានរំលឹកពីប្រវត្តិអតីតកាលរបស់កម្ពុជា ដែលបានឆ្លងកាត់រដ្ឋប្រហារនិងសង្រ្គាម ដែលមានខ្លឹមសារថា៖
ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ (១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។
គាប់ជួនម្សឹលម៉ិញខ្ញុំ បានទទួលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយ លោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការពេលនោះលំបាកខ្លាំងណាស់ តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។
ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភះ
១៩៧៩។ គេហៅខ្ញុំថាជាពូ និងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រូបថតរបស់សម្តេច ត្រូវបានអ្នកនិពន្ធបានសរសេរជាភាសាអង់គ្លេសដូចខាងក្រោម៖ The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេលនោះមានអាយុ២៦ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕

