ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានពន្យល់ណែនាំអំពីផែនការ និងទីតាំងលម្អិតដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន។
ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីចុះត្រួតពិនិត្យទីតាំងលម្អិតសម្រាប់ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦ នៅបរិវេណមុខសាលាខេត្ត និងតាមបណ្តោយផ្លូវលេខ១ ក្រុងបាត់ដំបង ដើម្បីជំរុញពន្លឿនការរៀបចំតុបតែងលម្អ និងការរៀបចំទីតាំងសំខាន់ៗ សំដៅធ្វើយ៉ាងណាបានរួចរាល់ទាន់ពេលវេលាមុនព្រឹត្តិការណ៍សង្ក្រាន្តឈានចូលមកដល់នាពេលខាងមុខ។
សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ , ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល៕

