អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ ៩៥គ្រួសារ កំពុងរស់នៅក្នុងសហគមន៍រាំងខ្វាវ

ខេត្តពោធិ៍សាត់: នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ហេង សុភាណា អភិបាលខេត្ត, លោកអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ ៩៥គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចុះពិនិត្យសកម្មភាពបង្រៀន របស់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសាមគ្គីគិរីរាំងខ្វាវ ដោយបានណែនាំដល់គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំទាំងអស់ ត្រូវបន្តផ្តល់នូវចំណេះដឹង និងការអប់រំប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ព្រោះលោកគ្រូអ្នកគ្រូនេះហើយ គឺជាអ្នកបណ្តុះគ្រាប់ពូជបញ្ញវន្តសម្រាប់ជាតិ។

ឯកឧត្តម អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំង ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវ ដែលជាសមិទ្ធផលដ៏សំខាន់មានតម្លៃជាង១០ម៉ឺនដុល្លារ ជាជំនួយឥតសំណងពីប្រទេសជប៉ុន (KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដើម្បីបម្រើសេចក្តីត្រូវការទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងតំបន់នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *