អភិបាលរងខេត្តកំពង់ចាម ណែនាំក្រុមការងារទុកដាក់លៀសឲ្យបានល្អ ដើម្បីរក្សាគុណភាព អនាម័យ ក្នុងព្រឹត្តិការណ៍ លៀសហាល ៥តោន ប្រវែង ១.២០០ម៉ែត្រ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ផេន សុផល និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត នៃគណៈកម្មការដឹកនាំរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

លោកអភិបាលរងខេត្តកំពង់ចាម និងជាក្រុមអនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត បានណែនាំដល់ក្រុមការងាររៀបចំទុកដាក់លៀស ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាឱ្យបាននូវ “គុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ” ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត ក៏ដូចជា ភ្លក់រសជាតិលៀសហាល ដែលរៀបចំចំនួន ៥តោន ប្រវែង ១.២០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់សោភណភាព និងធានាឱ្យបាននូវ គុណភាព អនាម័យ និងរសជាតិឆ្ងាញ់ អនុគណៈកម្មការរៀបចំផលិតផលប្រចាំខេត្ត សូមណែនាំដល់ក្រុមការងារបច្ចេកទេស និងផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមត្រួតពិនិត្យ ជាពិសេសគ្រឿងផ្សំ ត្រូវតែជាគ្រឿងផ្សំល្អៗ និងត្រូវមានរូបមន្តជញ្ជីងថ្លឹងគ្រឿងផ្សំ (អំបិល, ម្ទេស, ខ្ទឹម, ស្ករ) ឱ្យបានត្រឹមត្រូវតាមកម្រិតលៀសនីមួយៗ ដើម្បីធានាថារសជាតិ លៀសទាំង ៥តោន តាមបណ្ដោយជួរ ១,២០០ ម៉ែត្រ អនុវត្តតាមស្ដង់ដារអនាម័យដូចគ្នា និងមានរសជាតិឆ្ងាញ់ដូចគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *