ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់គុណខ្មែរ លក្ខណៈអន្តរជាតិ នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប: នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សង្វៀនលំដាប់ខ្ពស់ សម្រែកហ៊ោកញ្ជ្រៀវ និងស្នៀតគុនដ៏រស់រវើក បានវិលត្រឡប់មកកក្រើកទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្តងទៀត ក្នុងរយៈពេល ២ថ្ងៃ មហាព្រឹត្តិការណ៍ KRUD KUN KHMER បានញ៉ាំងឱ្យបរិយាកាសនៅអតីតកីឡដ្ឋានហនុមាន ក្រុងសៀមរាប ក្លាយជាសមរភូមិគុនខ្មែរដ៏ជក់ចិត្តបំផុត។

ព្រឹត្តិការណ៍នេះបាន រៀបចំឡើងរយៈពេល ២ថ្ងៃពេញ គឺនៅ ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងអតីតកីឡដ្ឋានហនុមាន តាមបណ្ដោយផ្លូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវក្រវ៉ាត់ក្រុង) ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ការរៀបចំការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់គុណខ្មែរ ឱ្យកាន់តែរីកសុះសាយ និងមានភាពល្បីល្បាញព្រមទាំងផ្តល់ការកម្សាន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ ការរៀបចំការប្រកួតប្រដាល់គុនខ្មែរ KRUD KUN KHMER បាននាំយកកីឡាករជើងខ្លាំងទាំងក្នុងស្រុក និងមកពីបណ្តាប្រទេសនានា មកបង្ហាញសមត្ថភាពនៅលើសង្វៀនកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។

ព្រឹត្តិការណ៍កីឡាប្រដាល់នេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត អ្នកឧកញ្ញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ឯកឧត្ដម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនទស្សនីយជនយ៉ាងច្រើនកុះករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *