ខេត្តសៀមរាប: ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប និងជាអនុប្រធានក្រុមការងារទទួលទុកអនុវត្តការងារដាំស្តារព្រៃលិចទឹកខេត្តទាំង៦ជុំវិញតំបន់ទន្លេសាប និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយមានការរួមពីមន្ត្រីជំនាញនៃអាជ្ញាធរ ទន្លេសាប មន្ទីរជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ពាក់ព័ន្ធតំបន់បឹងទន្លេសាប ដែលមានសមាសភាពសរុបចំនួន ៤៦ រូប នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ។
លោក អ៉ឹង គឹមលាង គូសបញ្ជាក់ថា កិច្ចប្រជុំនេះក្នុងគោលបំណង ការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញអាជ្ញាធរ ទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្រ្តខេត្តសៀមរាប និង ពិភាក្សាប្រមូលធាតុចូលបន្ថែមពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំបច្ចុប្បន្នភាពផែនការអនុវត្តកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញឲ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រមទាំងចែករំលែកទិន្នន័យព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ពាក់ព័ន្ធកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ។ លោកបានបញ្ជាក់ពីសារៈសំខាន់ពីតំបន់បឹងទន្លេសាប និងជាពិសេសកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ ដែលរាជរដ្ឋាភិបាលបានប្រគល់កិច្ចការងារនេះដល់អាជ្ញាធរទន្លេសាប ក្នុងការរៀបចំផែនការ និងការអនុវត្ត ដោយមានការសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព។ ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប បានធ្វើបទបង្ហាញពីផែនការដំាស្តារព្រៃលិចទឹកស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប រួមទាំងមានការចូលរួមផ្តល់ព័ត៌មានធាតុចូលល្អៗជាច្រើនពីមន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ពិភាក្សាយ៉ាងផុសផុលលើកិច្ចការដាំស្តារព្រៃលិចទឹក ។
ឯកឧត្តម ខូវ មាស បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់កិច្ចសហការណ៍យ៉ាងល្អក្នុងការសម្របសម្រួលដល់ក្រុមការងារជំនាញអាជ្ញាធរទន្លេសាប ជាមួយមន្ទីរជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋានតំបន់បឹងទន្លេសាប ។ ក្នុងនោះផងដែរ ឯកឧត្តម បានធ្វើការស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ធ្វើការពិភាក្សារួមគ្នាក្នុងការកំណត់ទីតាំងអាទិភាពសម្រាប់ការដាំស្តារឡើងវិញ ។ កិច្ចការងារនេះផ្តល់ព័ត៌មានបឋម ដើម្បីជាជំនួយដល់ក្រុមការងារជំនាញរបស់អាជ្ញាធរទន្លេសាប ក្នុងការពន្លឿនការរៀបចំផែនការលម្អិតនិងការអនុវត្តកិច្ចការដាំស្តារព្រៃលិចទឹកឡើងវិញ ។ បន្ទាប់ពីការបូកសរុបព័ត៌មានខេត្តទាំង៦ជុំវិញបឹងទន្លេសាប ជាទិសដៅបន្តក្រុមការងារជំនាញនឹងចុះពិនិត្យវាយតម្លៃបន្ថែម ទៅលើតំបន់អាទិភាពជាក់ស្តែង ក្នុងការដាំស្តារព្រៃលិចទឹកឡើងវិញ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕

