ខេត្តសៀមរាប រៀបចំពិធីបុណ្យរំឭកគុណសម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក លើកទី១៥

ខេត្តសៀមរាប: នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សាលាគណខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរធម្មការ និងសាសនា បានរៀបចំពិធីបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដើម្បីបង្ហាញការដឹងគុណចំពោះសម្ដេចព្រះសង្ឃរាជ និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំចងក្រងក្បួនខ្នាតអក្សរសាស្ត្រជាតិ ជំរុញឱ្យប្រជាពុទ្ធបរិស័ទយល់ដឹងកាន់តែច្បាស់អំពីការរៀបចំវចនានុក្រមខ្មែរ និងគម្ពីរសំខាន់ៗ និងបង្កើនមនសិការក្នុងការថែរក្សាកេរដំណែល និងអត្តសញ្ញាណជាតិឱ្យស្ថិតស្ថេរគង់វង្ស។ សូមជម្រាបថា ពិធីបុណ្យរំឭកគុណសម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក ក៏មានរៀបចំពិធីដង្ហែព្រះត្រៃរតន៍ នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនអង្គ/នាក់

គួរឱ្យដឹងថា សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត គឺជាព្រះមហាវីរបព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ហើយក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលាទាំង ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ សម្ដេចព្រះសង្ឃរាជ គឺជាអ្នកប្រាជ្ញព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរមួយរូបល្បីល្បាញបំផុតក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ និង១៩៦០ ដោយព្រះអង្គបានបង្កើតស្នាដៃនិពន្ធ ជាច្រើន មានវចនានុក្រមខ្មែរជាដើម ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

អ្វីដែលសំខាន់ទៀតនោះ គឺមរតកដែលយើងរំលឹករាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ភ្លេងជាតិខ្មែរដែលព្រះអង្គនិពន្ធនៅខែកក្កដាឆ្នាំ១៩៤១ និងព្រះរាជនិពន្ធបទសរភញ្ញ ព្រះរាជនិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០។ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានចូលព្រះទិវង្គតកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្មាយុ ៨៦ព្រះវស្សា។ មកដល់ឆ្នាំ២០២៦នេះ គឺជាខួបគម្រប់ ៥៧ឆ្នាំ នៃការចូលទិវង្គតរបស់ព្រះអង្គ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *