រដ្ធបាលខេត្តព្រៃវែង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការបំពេញកាតព្វកិច្ចសារពើពន្ធ ជូនដល់មន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក

ខេត្តព្រៃវែង: នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាខាពន្ធដារខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការបំពេញកាតព្វកិច្ចសារពើពន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលនៃមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងរដ្ឋបាលក្រុង-ស្រុកទាំង១៣។

សិក្ខាសាលានេះមានការអញ្ជើញចូលរួម លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង។

​លោក ហ៊ូ ហេមរិន្ទ ប្រធានសាខាពន្ធដារ ខេត្តព្រៃវែងលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការបំពេញកាតព្វកិច្ចសារពើពន្ធ គឺដើម្បីបំពេញកាតព្វកិច្ចប្រកាសពន្ធប្រចាំខែឲ្យបានត្រឹមត្រូវនិងមានបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់អគ្គនាយកដ្ឋាន និងដើម្បីឲ្យសិក្ខាកាមចេះប្រើប្រាស់ប្រព័ន្ធនេះ ដែលបង្ករភាពងាយស្រួលដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត អាចដាក់លិខិតប្រកាសពន្ធប្រចាំខែតាមរយៈប្រព័ន្ធអនឡាញមកសាខាពន្ធដារខេត្តដោយមិនបាច់មកសាខាផ្ទាល់នោះទេ។

លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម សួន សុម៉ាលីន  អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងការយល់ដឹងឱ្យកាន់តែច្បាស់អំពីច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាពិសេសការអនុវត្តកាតព្វកិច្ចកាត់ទុក និងការបង់ពន្ធនានាដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណូលថវិកាជាតិ។

​លោក ហ៊ី ធួក អភិបាលរងខេត្ត សិក្ខាសាលានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាថាគ្រប់អង្គភាពរដ្ឋទាំងអស់យល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន និងចូលរួមចំណែកកសាងសេដ្ឋកិច្ចខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោក ហ៊ី ធួក បានសង្កត់ធ្ងន់ថា ការយល់ដឹងច្បាស់ពីកាតព្វកិច្ចសារពើពន្ធ គឺជាគន្លឹះក្នុងការបង្កើនចំណូលថវិកាជាតិ និងធានាបាននូវសមធម៌ក្នុងសង្គម។ លោកបានជំរុញឱ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការជិតស្និទ្ធជាមួយសាខាពន្ធដារ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងអាជីវករក្នុងការបំពេញកាតព្វកិច្ចពន្ធស្របតាមច្បាប់៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *