ខេត្តបាត់ដំបង៖សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រូពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាជាច្រើនទៀត។
បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមាររួចមក ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនត្រូវខិតខំថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗ។
ឯកឧត្តម សុខ លូ ណែនាំដល់ស្រ្តីទើបសម្រាលត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងផ្ដល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់ដល់កូនៗ។
ឯកឧត្តម សង្កត់ធ្ងន់ថា ប្រទេសជាតិទៅថ្ងៃអនាគតត្រូវពឹងផ្អែកលើទារក កុមារ និងយុវជនដែលមានសុខភាព និងទទួលបានការអប់រំល្អដែលពួកគេគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ប្រទេសជាតិ។

