(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីទទួលភារកិច្ចថ្មី ត្រូវអនុវត្តតាមទិសពាក្យស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍” ។ ឯកឧត្តម ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រកាសតែងតាំងមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីនៃ វិស័យទាំង៣ ដែលទើបទទួលបានការតែងតាំងភារកិច្ចថ្មី ត្រូវគោរពឋានានុក្រម វិន័យរដ្ឋបាល និង អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវបង្កើតបរិយាកាសការងារល្អ សហការគ្នា និងរួបរួមសាមគ្គីភាព ក្នុងអង្គភាព ពិសេសត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ បានឆាប់រហ័ស និងមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ត្រូវខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាពបន្ថែម និងប្រើប្រាស់ជំនាញបច្ចេកទេស/បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍស្ថាប័ន ឬអង្គភាព ក្រៅពីនោះត្រូវមានតម្លាភាព និងសីលធម៌ ពោលគឺត្រូវរក្សាសីលធម៌វិជ្ជាជីវៈស្មោះត្រង់ និងជៀសវាងអំពើមិនប្រក្រតីទៀតផង។
គួរបញ្ជាក់ថា មន្ត្រីដែលត្រូវប្រកាសតែងតាំងថ្មី សរុបចំនួន២០រូប ក្នុងនោះមានមន្ត្រីនៃមន្ទីរ សុខាភិបាល ចំនួន១៥រូប មន្ទីរធនធានទឹក និងឧតុនិយម ៤រូប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ចំនួន ១រូប ផងដែរ៕

