(ព្រៃវែង) : ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុ គណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធការពារសង្គម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួល សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។ដោយមានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តំណាងខុទ្ទកាល័យក្រសួងសង្គមកិច្ច តំណាងអង្គការសហប្រជាជាតិ និងប្រតិភូអមដំណើរ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ស្ថានប័នពាក់និងដៃគូអភិវឌ្ឍន៍ សាខាមូលនិធិជាតិជំនួយសង្គម មេឃុំ ចៅសង្កាត់ និងមន្រ្តីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ ទាំង១១៦ សរុបប្រមាណចំនួន ៣៨០រូប។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមបណ្ឌិត បានផ្ដល់កិត្តិយសចែកនូវសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា សរុបចំនួន ១១៦ ឈុត សម្រាប់ឃុំ/សង្កាត់ ទាំង១១៦ នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដោយសម្ភារៈទាំងនោះរួមមាន៖
-កុំព្យូទ័រយួរដៃកម្រិតខ្ពស់
-ម៉ាស៊ីនព្រឺនពណ៌
-កាំមេរ៉ាថតផ្ទៃមុខ និងថតឯកសារ
-ឧបករណ៍ចាប់ខ្ចៅដៃ (ក្រយៅដៃ)៕

