ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចាំបាច់មួយចំនួន ផ្អែកតាមសភាពការណ៍ និងស្ថានភាពសន្តិសុខបច្ចុប្បន្ន ដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ព្រមទាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន។
ក្នុងកិច្ចប្រជុំ លោកស្នងការនគរបាលខេត្ត បានពាំនាំនូវក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខគ្រប់អង្គភាព។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានស្តាប់របាយការណ៍លទ្ធផលការងាររបស់អង្គភាពនានា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកស្នងការនគរបាលខេត្ត ក៏បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីឱ្យអង្គភាពយកទៅអនុវត្តបន្ត រួមមាន ការត្រួតពិនិត្យ និងជំរុញការអនុវត្តបទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល ព្រមទាំងផែនការលេខ ០០៣ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះ ក្នុងកិច្ចប្រជុំបានផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម និងកូរ៉េ។
ជាទីបញ្ចប់ លោកស្នងការនគរបាលខេត្ត បានពិភាក្សា និងដោះស្រាយសំណើ សំណូមពរ ព្រមទាំងបញ្ហាប្រឈមផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារការពារសន្តិសុខតាមបន្ទាត់ព្រំដែន និងក្នុងមូលដ្ឋាន។

