មន្រ្តីជាន់ខ្ពស់ ក្រសួង អភិវឌ្ឍជនបទ បង្ហាញពីគោលជំហរគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍ជនបទឆ្នាំ ២០២៥-២០៣៥ ដើម្បីលើកកម្ពស់គុណភាពជីវិតនៅជនបទឱ្យកាន់តែប្រសើរឡើង

(ព្រៃវែង) ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

​ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីជ្រួតជ្រាប និងត្រៀមលក្ខណៈអនុវត្តផែនការយុទ្ធសាស្ត្រថ្មីនេះឱ្យមានប្រសិទ្ធភាព។ ដែលពិធីនេះមានអ្នកចូលរួមចំនួន ចំនួន ៣៤៨នាក់ ស្រី៩៨នាក់។

លោក សាយ សុជាតិ អភិបាលរងខេត្តព្រៃវែង មានប្រសាសន៍ គាំទ្រយ៉ាងសកម្ម ចំពោះគោលនយោបាយជាតិនេះ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ខេត្តព្រៃវែង ជាពិសេសមន្ទីរ អង្គភាពពាក់ពន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការមិនមែនរដ្ឋាភិបានជាតិ និងអន្តរជាតិ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយជាតិនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង ដើម្បីបំរើផលប្រយោជន៍រួម ជូនប្រជាជននៅទូទាំងខេត្ត តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍន៍សហគមន៍ជនបទ ការពង្រឹងស្ថាប័ន និងការអនុវត្តកម្មវិធីកំណែទម្រង់ ឲ្យស្របតាមគោលដៅរបស់រដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាបនរដ្ឋ រដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍។

ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា កាលពីដើមនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យរៀបចំគោលនយោបាយអភិវឌ្ឍន៍ជនបទមួយ ដែលមានសង្គតិភាពជាមួយកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីចង្អុលបង្ហាញទិស និងកៀរគរកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការងារអភិវឌ្ឍន៍ជនបទនៅក្នុង ព្រះរាជាណាចក្រកម្ពុជាឱ្យចំគោលដៅ និងឆ្លើយតបនឹងតម្រូវការអាទិភាពរបស់ ប្រជាជននៅក្នុងតំបន់ជនបទ។

ឯកឧត្ដម រដ្ឋរលេខាធិការ មានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រី បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការសិក្សាលើឯកសារគតិយុត្តពាក់ព័ន្ធនានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល រួមទាំងសេចក្តីព្រាងគោល នយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ដែលបានរៀបចំកាលពីនីតិកាលទី៦ កន្លងមក។

ឯកឧត្ដម រដ្ឋលេខាធិការ បន្ថែមថា ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ច ក៏បានសិក្សាស្វែងយល់បន្ថែមអំពី ទស្សនាទានអភិវឌ្ឍន៍ជនបទ គោលការណ៍អភិវឌ្ឍន៍ជនបទ និងនិន្នាការអភិវឌ្ឍន៍ជនបទ នៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ព្រមទាំងបានស្រាវជ្រាវ ប្រមូល និងវិភាគ ទិន្នន័យ សំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជានៅក្នុងនីតិកាល កន្លងមក តាមរយៈឯកសារក្រសួងផែនការ ឯកសារគោលនយោបាយជាតិនានា និងឯកសារ ស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដើម្បីពិនិត្យលើសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិកាលកន្លងមក, បញ្ហាកើតមាននៅតាមតំបន់ ជនបទ, ការប្រឈមនានាពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ជនបទ, និងកាលានុវត្តភាពសម្រាប់ ការអភិវឌ្ឍជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ មានខ្លឹមសារលម្អិតគ្រប់ជ្រុងជ្រោយ ដោយបានកំណត់ ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយផ្អែកទៅលើ គោលការណ៍ បទពិសោធ និងការ វិភាគស្ថានភាពជនបទ ដែលបានបង្ហាញយ៉ាងជាក់លាក់នូវទិន្នន័យ បញ្ហាការប្រឈម កាលានុវត្តភាពនៃតំបន់ជនបទកម្ពុជា។

គោលនយោបាយជាតិនេះ គឺជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាប័ន្ន និងចិរភាព ដល់គ្រប់ក្រសួងនិងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយខិតខំកៀរគរធនធាន ទាំងជំនួយបច្ចេកទេសនិង ហិរញ្ញវត្ថុ ព្រមទាំងកៀរគរការចូលរួមពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលសហគមន៍ជនបទមូលដ្ឋាន និងសប្បុរសជន នានាស្របតាមអភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលរួមគ្នាកសាងនូវ «សហថាមពល» ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *