(បន្ទាយមានជ័យ):នៅរសៀលថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួមដង្ហែរ និងផ្តល់ភ្លើងបូជាសពលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក នៅវត្តរតនវនរាមប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះមានការអញ្ជើញចូលរួមពីរលោកឧត្តមសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីលោកលោកស្រី ភ្ញៀវកិត្តិយស អាជីវករ ប្រជាពលរដ្ឋ ជិតឆ្ងាយ និងគ្រួសារសពជាច្រើនរូប។
ពិធីនេះ ផ្តល់ភ្លើងបូជាសពដោយ ព្រះខេមញាណ រ៉េន ស៊ីណាត ព្រះគ្រូចៅអធិការ វត្តថ្មរមៀល ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត នៅវេលាម៉ោង១៧:០០ នាទីរសៀល។
មរណភាពរបស់ លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវកូន ស្វាមី ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នឹងជាការបាត់បង់នូវវីរនគរបាលដ៏អង់អាចក្លាហាន ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវចោរសៀមឈ្លានពានទឹកដី ហើយជាវីរភាពដ៏អង់អាចក្លាហានរបស់លោក ដើម្បីបុព្វហេតុជាតិការពារបូរណភាពទឹកដី ប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនិងបានដក់ជាប់ក្នុងដួងចិត្តជានិច្ចមិនអាចបំភ្លេចបាន ។
ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមសម្តែង នូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ យី សុថាត់ សូមចាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

