លោក វូ ហាក់ អំពាវនាវដល់ សមាជិកគណបក្សប្រជាជន ពួតដៃគ្នាកំចាត់ Scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន

! កំពង់ចាម) : លោក វូ ហាក់ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូល ដ្ឋានស្រុកកោះសូទិន តំណាង លោក ឡោ សុឡេង ប្រធានការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវដល់ សមាជិក សមាជិកា នៃគណបក្សប្រជាជន ស្រុកកោះសូទិន រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំចាត់ scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន ដើម្បីលើកកិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយជាការទប់ស្កាត់មិនឲ្យមានអំពើឧក្រិដ្ឋកម្មផ្សេងៗ ដែលនាំឲ្យមានភាពវឹកវរដល់សង្គមជាតិ។

លោក បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់គណៈកម្មការកណ្តាល ដោយ ពិធីនេះ មានការចូលរួម ពី លោក ហេង ហ៊ុន សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សស្រុកកោះសូទិន ដែលកម្មវិធីនេះ ធ្វើឡើងទីស្នាក់ការគណបក្សស្រុកកោះសូទិន។

លោក វូ ហាក់ បានណែនាំដល់សមាជិកគណបក្សប្រជាជនស្រុកកោះសូទិន ឲ្យដើរស្រង់ទិន្នន័យ អ្នកចំណូលស្រុកថ្មីៗចូលក្នុងបញ្ជីរ ជារៀងរាល់ថ្ងៃ តាមដានជនបរទេសដែលចូលមករស់នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួល ឲ្យល្អិតល្អន់ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធ online សុំឆាប់រាយការណ៍ទៅកាន់អធិការដ្ឋានស្រុកកោះសូទិន និងមេប៉ុស្តិ៍ជាបន្ទាន់ ដើម្បីរួមគ្នា ទប់ស្កាត់ កុំឲ្យមាន scam online នៅលើកទឹកដីកោះសូទិន។

លោក ក៏បានដាស់តឿនដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនស្រុកកោះសូទិន សុំកុំជាប់ពាក់ព័ន្ធ នៅឲ្យឆ្ងាយពីការឆបោកទាំងឡាយ ផ្ទុយទៅ សុំយកពេលវេលានេះ ធ្វើអំពើល្អ ដាក់ប្រជាពលរដ្ឋ ខិតខំ ប្រឹងប្រែង បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ លោក ក៏បានជំរុញដល់ សមាជិក សមាជិកា នៃគណបក្ស បើឃើញមានកន្លែងណាជួបជុំច្រើន មិនថាខ្មែរ បរទេស សុំឆាប់របាយការណ៍ជាបន្ទាន់ ទៅនគរបាលប៉ុស្តិ៍តាមឃុំ នីមួយៗ ដើម្បីឲ្យសមត្ថកិច្ចរបស់យើង អន្តរាគមន៍បានទាន់ពេលវេលា។

លោកបានលើកឡើងបន្តថា ចំពោះការបង្រ្កាបល្បែងស៊ីសង និង scam online សុំធ្វើទៅតាមការអនុវត្តច្បាប់ឲ្យបានស្មើៗ គ្នា គ្មានការយោគយល់ គ្មានការលើកលែង សម្រាប់គ្រួសារ សាច់ញាតិ ដែលមានជាប់ពាក់ព័ន្ធរឿង scam online និងល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យរួចខ្លួននោះឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *