លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលី

(បន្ទាយមានជ័យ): ដោយមានការចង្អុលណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ លោកនាយរងការិយាល័យ បំពាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានពលីកាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនកុសុមៈ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាលោកវរសេនីយ៍ទោ យី សុថាត់ នាយរងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានរងរបួសធ្ងន់ដោយអំបែងគ្រាប់ចំក្បាល ក្នុងសមរភូមិប្រយុទ្ធ ជាមួយទាហានឈ្លានពានរបស់ភាគីសៀម កាលពីកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ហើយបានបញ្ជូនបន្តទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១២:៤៥នាទី បានពលីជីវិត ។ សពលោកវរសេនីយ៍ទោ យី សុថាត់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តសូមសំដែងនូវការចូលរួមរំលែងក្នុងទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ កូន ស្វាមី ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា៖ ការបាត់បង់លោកវរសេនីយ៍ទោ យី សុថាត់ គឺជាការបាត់បង់នូវវីរនគរបាលដ៏អង់អាចក្លាហាន ក្នុងការប្រយុទ្ធតតាំងជាមួយសត្រូវចោរសៀមឈ្លានពានទឹកដី ហើយវីរភាពដ៏អង់អាចក្លាហានរបស់លោក ដើម្បីបុព្វហេតុជាតិការពារបូរណភាពទឹកដី ប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនភ្លេចនិងបានដក់ជាប់ក្នុងដួងចិត្តជានិច្ចមិនអាចបំភ្លេច ។ ជាមួយនោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាននាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២លានរៀល ចូលរួមក្នុងកម្មវិធីបុណ្យសពផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *