ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យអាជ្ញាធរ ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយដើម្បីលើកសោភ័ណភាព ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកាន់តែរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលពង្រីកទទឹង ផ្លូវខេត្តលេខ១៥៧១ និងក្រាលកម្រាលកៅស៊ូDBST បន្ថែមពីលើ(Reseal) ប្រវែង ២,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជាប់តាមដងផ្លូវទាំងអស់ សូមបញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ ដើម្បីសាងសង់សំណង់រឹងផ្សេងៗ ដោយខុសច្បាប់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហាអនាម័យបរិស្ថាន ហាមឃាត់ដាត់ខាតការដុតសំរាមកាកសំណល់គ្រប់ប្រភេទ ត្រូវចេះវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចេះកែច្នៃកាកសំណល់ជុំវិញផ្ទះជាជីកំប៉ុស្តិ៍អាចប្រើប្រាស់បានឡើងវិញតាមលទ្ធភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តណែនាំប្រជាពលរដ្ឋ កាត់បន្ថយការចាក់គ្រឿងរំពងសំឡេងឮខ្លាំងរំខានការរស់នៅដល់អ្នកជិតខាង និងភ្ញៀវទេសចរ ព្រមទាំងអប់រំកូនចៅឱ្យចៀឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍៕ដោយព្រំ ហន!

