(កំពង់ចាម) : នៅព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៦នេះ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា អមដំណើរដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយសហការីបា៤អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅដ្ឋាន និង នាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនភរិយាវីរៈកងទ័ពជួរមុខ ២គ្រួសារ និងជនភៀសសឹក ២គ្រួសារ រួមមាន :
១- ឈ្មោះ យី សុគន្ធារី អាយុ ២៩ឆ្នាំ ជាភរិយាវីរ:កងទ័ពជួរមុខរស់នៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម
២_ឈ្មោះ យី យ៉ែម អាយុ ៤១ឆ្នាំជាជនភៀសសឹក រស់នៅភូមិ អូរបេង ឃុំមេសរជ្រែ ស្រុកស្ទឹងត្រង់
៣- ឈ្មោះ យ៉ង ស្រីគ័ង អាយុ ២៣ឆ្នាំ ជាជនភៀសសឹក រស់នៅភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលើ
៤- ឈ្មោះ រិទ្ធិ រក្សា អាយុ ១៩ឆ្នាំជាភរិយាវីរ:កងទ័ពជួរមុខ រស់នៅភូមិ ចុង ឃុំសំបូរ ស្រុកបាធាយ
ដែលឆ្លងទន្លេដោយសុវត្ថិភាពបានកូន៤នាក់( ស្រី ២នាក់) នៅមន្ទីរពេទ្យបង្អែកស្រុក ៣នាក់ និងមន្ទីរពេទ្យខេត្តកំពង់ចាម ១នាក់ ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។
ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុនចាន់ថា បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារ និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។ លោកជំទាវ ក៏បានក្រើនរំលឹកបងប្អូនស្រ្តីជាមាតាថា ក្រោយសម្រាលត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺ 11 មុខតាមពេលកំណត់ ហើយបន្តតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតកូនអាយុបានពីរឆ្នាំ ។ សូមស្ត្រីជាមាតាទាំងឡាយ ត្រូវបំបៅកូននិងទឹកដោះម្ដាយតែមួយគត់ ចាប់តាំងពីការកើតភ្លាម រហូតដល់ទារកមានអាយុ 6 ខែដោយត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ(បបរខាប់ទ្រង់់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។ គួរជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព មាតានិងទារក ។
លោកជំទាវ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូន គ្រួសារវីរយោធិនជួរមុខ ក្នុង ម្នាក់ ៗ មាន អង្ករ ២៥គក្រ មី១កេស ទឹកពិសា ២កេសម្សៅទឹកដោះគោ សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត និង ថវិកាចំនួន ៥០០,០០០រៀល សម្រាប់ជនភៀសសឹក និង ១,០០០,០០០រៀលសម្រាប់ភរិយាវីរ:កងទ័ពជួរមុខ រួមនឹងថវិកាសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម ឧបត្ថម្ភជូន ថវិកា ១គ្រួសារចំនួន ៥០០.០០០រៀល ។ជាមួយនោះ លោកជំទាវនិងសហការីក៏បានចូលជួបសួរសុខទុក្ខយោធិនជួរមុខ ១នាក់ ដែលមានជំងឺបានច្បាប់សម្រាកព្យាបាលនៅផ្ទះ ក្នុងឃុំមេសរជ្រៃ ដោយបានឧបត្ថម្ភអង្ករ ២៥គក្រ ទឹកពិសារ ២កេស មី១កេស និងថវិកា ៥០០,០០០រៀល ផងដែរ។
ក្នុងឱកាសដ៏រំភើបនិងទទួលបានភាពកក់ក្ដៅនេះដែរ ភរិយាវីរយុទ្ធជនជួរមុខ និងគ្រួសារជនភៀសសឹក បានលើកហត្ថប្រណមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានគិតគូរ មិនទុកកូនចៅណាម្នាក់ចោល និងសូមគោរពជូនពរ សូមសម្តេច និងថ្នាក់ដឹកនាំទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋ កម្ពុជា ជ្រកកោន ជារៀងដរាប៕

