(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនា ជាមួយអង្គការសង្គមស៊ីវិល សមាគម សហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស ស្ថិតនៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ក្រុងកំពង់ចាម។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។ និងចូលរួមផ្តល់មតិយោបល់លើការអនុវត្ត របស់អាជ្ញាធរមូលដ្ឋាននូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នេីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នានោះឡើយ ។ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ ៕



