(កំពង់ចាម): ព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព,ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈ:កម្មាធិការសាខា កាកបាទក្រហមកម្ពូជា ខេត្តកំពង់ចាម អាណត្តិទី ៦ ស្ថិតនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៩នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ពេញ ១ឆ្នាំ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ទោះបីមានការរំខានដោយស្ថានភាពជម្លោះព្រំដែនកម្ពុជាថៃយ៉ាងណា ក៏ដោយ តែបានបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា – ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះពិសេសគោលនយោបាយជួយឧបត្ថម្ភដោះស្រាយសម្រាលជីវភាព ដល់ ជនភៀសសឹក ពលករ និងគ្រួសារវីរ:កងទ័ពជួរមុខ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពជា “។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយជនងាយរងគ្រោះថោយផ្តោតសំខាន់លើជនភៀសសឹក ពលករចំណាកស្រុក និងគ្រួសារវីរ:កងទ័ពជួរមុខ បានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ពិសេសការគិតគូរពីការកសាងភាពធន់សហគមន៍ នៅគោលដៅភូមិ ឃុំមួយឬពីរ ដើម្បីសាកល្បងអនុវត្តសកម្មភាពផ្ដោតចម្រុះវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាពតាមរយៈវត្តមាន មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការសង្គ្រោះបឋម ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពសហគមន៍ ការផ្សព្វផ្សាយគោលការណ៍គ្រឹះ ការការពារបដិរូប យុទ្ធនាការអនាម័យបរិស្ថានស្អាត ចូលរួមទប់ស្កាត់់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួន។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ការធ្វើការងារសវនកម្មផ្ទៃក្នុង អោយមាន តម្លាភាព និងគណនេយ្យភាព៕

